ក្មេងស្រីសិស្សសាលាបឋម បាត់ខ្លួនទៅតាមស្ត្រីម្នាក់
ថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០១៧ ម៉ោង ០៩:១៨ (23-07-2017 09:18)
ខេត្តកំពង់ស្ពឺ ៖ មានការចលាចលមួយបន្ទាប់ពីក្មេងស្រីសិស្សសាលាម្នាក់បានបាត់ខ្លួនបន្ទាប់ពីនាងទៅរៀន ។ ការបាត់ខ្លួនក្មេងស្រីនេះសង្ស័យមានអ្នកល្បួងយកទៅ ហើយសមត្ថកិច្ចកំពុងស្រាវជ្រាវយ៉ាងសស្រាក់សស្រាំរហូតទទួលដំណឹងថា នាងតួចនោះបានទៅតាមស្ត្រីម្នាក់ដែលពកូនតូចមួយនៅនឹងចង្កេះ ។ ទោះបីជាបែបណារហូតមកដល់ពេលនេះនៅមិនទាន់មានដំណឹងពីក្មេងស្រីនោះនៅឡើយទេ ។ នេះបើតាមការបញ្ជាក់ប្រាប់ពីសមត្ថកិច្ចនៅព្រឹកថ្ងៃទី២១ កក្កដា ។
លោកវរសេនីយ៍ឯក ឃឹម សុផាន់រ៉ា អធិការនគរបាលស្រុកគងពិសីបានប្រាប់ថា ករណីនេះពិតជាមានមែននិងបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី២០ កក្កដា នៅក្នុងសាលាបឋមសិក្សាអង្គលំទង ស្ថិតក្នុងឃំុស្នំក្រពើ ស្រុកគងពិសី នៅពេលដែលនាងចេញពីរៀន ។ លោកអធិការបន្តថា ក្រោយបាត់កូនស្រីមិនឃើញមកផ្ទះវិញធ្វើឱ្យឪពុកម្តាយមានការភ័យព្រួយជាខ្លាំង និងបាននាំគ្នាដើររកគ្រប់ច្រកល្ហកនៅតែមិនឃើញ ហើយក៏បានមកដាក់ពាក្យបណ្តឹងឱ្យសមត្ថកិចនគរបាលប៉ុស្តិ៍ជួយអន្តរាគមន៍ស្វែងរកផងដែរ ។
ក្មេងស្រីដែលបាត់ខ្លួននោះឈ្មោះ ម៉ុក ចាន់រស្មី ហៅម៉ី អាយុ៨ឆ្នាំ រៀនថ្នាក់ទី២ រស់នៅជាមួយឪពុកម្តាយក្នុងភូមិព្រៃតាមួច ឃំុស្នំក្រពើ ស្រុកគងពិសី ។ មានឪពុកឈ្មោះ ម៉េង អោក អាយុ២៨ឆ្នាំ ម្តាយឈ្មោះ ភី សោភា អាយុ២៧ឆ្នាំ ។ ឪពុកម្តាយកុមារីដែលបាត់ខ្លួនបានរៀបរាប់ថា កាលពីព្រឹកថ្ងៃទី២០ កក្កដា ២០១៧ កូនស្រីរបស់គាត់បានទៅរៀននៅសាលាដូចសព្វដងតែថ្ងៃដែលបាត់ខ្លួននោះ នៅពេលដែលកូនស្រីចេញពីផ្ទះទៅរៀនរហូតដល់ពេលចេញពីរៀនពួកគាត់ជាឪពុកម្តាយមិនឃើញកូនត្រឡប់មកផ្ទះ ក៏តាមមករកដល់សាលានៅតែរកមិនឃើញកូន ។ បុរសជាឪពុកបន្តថា ក្រោយមកពួកគាត់បានទៅរកនៅសាលាតែរកមិនឃើញ ហើយបាននាំគ្នាដើររកគ្រប់ច្រកល្ហកនៅតែមិនឃើញទៀត ក៏ បានរាយ ការណ៍ឱ្យនាយកសាលានិងនគរបាលប៉ុស្តិ៍រដ្ឋបាលជួយអន្តរាគមន៍ស្វែងរកកូនស្រី ។ ឪពុកម្តាយក្មេងស្រីដែលបាត់ខ្លួនបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋណាដែលបានប្រទះឃើញកូនស្រីរបស់គាត់ មេត្តាជួយផ្តល់ដំណឹងផង ។
មន្ត្រីនគរបាលប៉ុស្តិ៍មួយរូប បានប្រាប់ថាក្រោយដឹងហេតុការណ៍ ក្រោមការបញ្ជាពីលោកអធិការ សមត្ថកិច្ចប៉ុស្តិ៍បានស្រាវជ្រាវរហូតមានការបំភ្លឺពីឈ្មោះ ផន ចាន់ស្រីណេ អាយុ៩ឆ្នាំ នៅភូមិទួល ឃុំមហាឫស្សី ដែលរៀននៅថ្នាក់ជាមួយគ្នាដោយបានរៀបរាប់ថា កាលពីវេលាម៉ោងប្រហែលជាង៧ព្រឹក នាងបានឃើញស្ត្រីម្នាក់ពកូនតូចមួយ បានមកសួរនាង(ផន ចាន់ស្រីណេ)រកឈ្មោះ ម៉ុក ចាន់រស្មី ដោយសួររកចំៗឈ្មោះនៅថ្នល់ខាងមុខសាលារៀន ។ ពេលនោះខ្លួនក៏បានហៅ ម៉ុក ចាន់រស្មី ឱ្យមកជួបស្ត្រីរូបនោះ ។ កុមារីដដែលបន្តថា ក្រោយរស្មីជួបស្ត្រីនោះមិនដឹងថាតើគេនិយាយអ្វីជាមួយគ្នាឡើយ ស្រាប់ តែរស្មីរត់សំដៅទៅក្នុងថ្នាក់រៀនយកកាតាប ហើយដើរតាមស្ត្រីនោះចេញបាត់ទៅដោយមិនដឹងថា ស្ត្រីនោះនាំនាងទៅណាឡើយ ។ រហូតមកដល់ពេលនេះសមត្ថកិច្ចនគរបាលស្រុក ក៏ដូចជាជំនាញបាននិងកំពុងបន្តស្រាវជ្រាវករណីនេះយ៉ាងសស្រាក់សស្រាំបំផុត ព្រោះតែបានស្ថិតក្នុងស្ថានភាពមានការភ័យខ្លាចនិងផ្អើលតៗគ្នាពីការចាប់ក្មេងវះយកក្រលៀន ឬយកគ្រឿងក្នុង។ ទោះជាបែបណាការបាត់ក្មេងស្រីនេះមិនដឹងជាមានមូលហេតុបែបណានៅឡើយទេ ៕
No comments:
Write comments